បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ ឆ្លងតាមរយៈការឃោសនាស្វែងរកនូវការគាំទ្រសម្លេងឆ្នោត គ្រប់គណបក្សនយោបាយ ដែលបានឈរឈ្មោះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ ដែលបានប្រព្រឹត្តតាមកាលវិភាគ របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោតបានកំណត់ ក្នុងការឃោសនា ផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួន អស់រយៈ២០ថ្ងៃកន្លងមកនេះ យើងសង្កេតឃើញថា នៅព្រឹកថ្ងៃទី២១ កក្កដា ឆ្នាំ២០២៣ សមាជិកសមាជិកាគ្រប់គណបក្សនយោបាយ ក្នុងខេត្តសៀមរាប ទាំង១៤គណបក្ស បានមកធ្វើការជួបជុំគ្នាទៅតាមស្នាក់ការគណបក្សរបស់ខ្លួន ដើមី្បបូកសរុបក្នុងការបញ្ចប់នូវយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧របស់ខ្លួន ព្រមទាំងមានការដង្ហែរក្បួន តាមរថយន្ត ម៉ូតូ ឬ រឺម៉ក់ម៉ូតូ ជាក្រុមៗ នៅតាមដងផ្លូវក្នុងក្រុង ស្រុក ខេត្តសៀមរាប ។

បើយើងក្រឡេកមើលមកគណបក្សប្រជាជនកម្ពុជា សមាជិកសមាជិការបស់ខ្លួនប្រមាណជាង២ម៉ឺននាក់ មកពីសង្កាត់ទាំង១២ របស់ក្រុងសៀមរាប និង ស្រុកមួយចំនួន បានមកជួបជុំគ្នាយ៉ាងអឺងកង នៅបរិវេណអតីតៈអង្គរយ្យុងយូរ ដោយមានការលាយឡំទៅនឹងសម្លេងឧឃោសនសព្ទ័ និង សម្រែកជ័យឃោស ប្រកបទៅដោយខ្លឹមសារ អត្ថន័យ នៃគោលនយោបាយរបស់គណបក្សខ្លួន ដោយមធ្យោបាយចូលរួមក្នុងការដង្ហែបិទយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សប្រជាជន ក្នុងឱកាសនោះមានរថយន្តតូចធំចំនួន ៦០១គ្រឿង ត្រីចក្រយានយន្ត និង រ៉ឺម៉កម៉ូតូចំនួន ៣៨០គ្រឿង ,ទោចក្រយានយន្តចំនួន ៣ពាន់៥៤៤គ្រឿង ផងដែរ ។

នៅក្នុងពិធីប្រកាសបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភានេះ ក៏មានវត្តមានអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តសៀមរាប និង បេក្ខភាពតំណាងរាស្ត្រពេញសិទ្ធមណ្ឌលសៀមរាប ព្រមទាំងឯកឧត្តម លោកឧកញ៉ា លោកជំទាវជាសមាជិកព្រឹទ្ធសភា សមាជិកគណៈកម្មាធិការគណបក្សប្រជាជនខេត្ត និង អស់លោក លោកស្រីជាសមាជិកគណៈកម្មាធិការ ប្រធានសាខា អនុសាខា ចូលរួមផងដែរ ។

មានប្រសាសន៍ប្រកាសបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ក្នុងរយៈពេល២១ថ្ងៃនេះ គណបក្សប្រជាជនខេត្ត បានដឹកនាំយុទ្ធនាការឃោសនានៅទូទាំងខេត្ត ដល់ទីបញ្ចប់នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសសេរី អព្យាក្រឹត អហិង្សា និង សុវត្ថិភាព ក្នុងការផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សខ្លួន ។ ម៉្យាងទៀតការប្រារព្ធបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នាថ្ងៃនេះ ក្នុងគោលបំណងលើកកម្ពស់ស្មារតី ដល់គ្រប់អង្គការចាត់តាំងគណបក្ស សមាជិកគណបក្ស អ្នកគាំទ្រគណបក្ស និង ប្រជាជន ក្នុងការប្រមូលកម្លាំងសរុប វិធានការសរុប និង មធ្យោបាយសរុប ដើមី្បឆ្ពោះទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនោះ និង ការពង្រឹងបាននូវប្រពៃណីស្នេហាជាតិ និង កសាងសមិទ្ធផលដ៏ថ្លៃថ្លាជូនសង្គមជាតិ ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអាននូវសេចក្តីថ្លែងការណ៍ របស់គណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបញ្ចប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងបានថ្លែងអំណរគុណដល់ជនរួមជាតិនៅគ្រប់មជ្ឈដ្ឋាននានាក្នុងសង្គម សំខាន់ស្រទាប់យុវជន ដែលបានគាំទ្រកម្មវិធីនយោបាយរបស់គណបក្ស ដើមី្បកសាង កាពារមាតុភូមិ ឆ្នាំ២០២៣.២០២៨ ហើយក្នុងយុទ្ធនាការរបស់គណបក្សប្រជាជន បានប្រកបដោយវិចារណញ្ញាណ ភាពថ្លៃថ្លូរ និង រក្សាខ្ជាប់នូវ ភាពអត់ធ្មត់ ចំពោះពាក្យមូលបង្កាញ់ដ៏អសុរសរបស់គណបក្សខ្លះមកលើគណបក្សប្រជាជនកម្ពុជា ។ សម្តេចពិជ័យសេនា ក៏បានផ្តាំផ្ញើដល់សមាជិកសមាជិកា និង ប្រជាពលរដ្ឋកម្ពុជា សូមអញ្ជើញ ទៅបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨  មានរូបទេវតាបាចផ្កាជាសញ្ញា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះឲ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ផងដែរថា ចំនួនគណបក្សនយោបាយដែលមានក្នុងខេត្ត មានគណបក្សចំនួន១៤  ដែលមានឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងការប្រកួតប្រជែញនោះ ៕ ដោយ ស៊ាន សុផាត

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top