ទិដ្ឋភាពរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅខេត្តសៀមរាបមានភាពល្អប្រសើរ

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ជាប្រក្រតិទិននៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលកំណត់ដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប សម្រាប់ខេត្តសៀមរា នាពេលនេះ ទិដ្ឋភាពរួមនៅក្នុងខេត្តសៀមរាបមានភាពល្អប្រសើរ នៅតាមបណ្តាការិយាល័យបោះឆ្នោតទាំង១៥២១ការិយាល័យ និង១០០ឃុំ សង្កាត់ទូទាំងខេត្ត មន្ត្រីនៅតាមការិយាល័យនីមួយៗ បានដំណើរការចាក់សោរបើកហិបឆ្នោត ដើម្បីត្រួតពិនិត្យសម្ភារៈឯកសារសម្រាប់បំរើឱ្យការបោះឆ្នោតក្រោមការចូលរួមពីអ្នកសង្កេតការណ៍មកពីអង្គការសមាគមនានា និងមានការយាមកាមការពារពីមន្ត្រីសមត្ថកិច្ចនិងភ្នាក់ងារសន្តិសុខនៅខាងក្រៅការិយាល័យផងដែរ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ក៏ដូចប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បាននឹងកំពុងធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោតក្រោយពីបានពិនិត្យមើលឈ្មោះរៀងៗខ្លួនរួចមក និងខ្លះទៀតបានមកដល់ហើយឈរតម្រង់ជួរនៅមុខការិយាល័យបោះឆ្នោត ខណៈដែលការិយាល័យបោះឆ្នោតនិមួយៗ បានបើកដំណើរការបោះឆ្នោតនៅម៉ោង៧ព្រឹកនឹងគ្រោងបិទបញ្ចប់នៅម៉ោង៣រសៀល តាមការកំណត់របស់ គ.ជ.ប។ មន្ត្រីរៀបចំការបោះឆ្នោត អ្នកសង្កេតការណ៍នានាតាមការិយាល័យនីមួយៗមានសិទ្ឋអាទិភាពបោះឆ្នោតមុន ដោយឡែកភ្នាក់ងារការពារសន្តិសុខ សណ្តាប់ធ្នាប់បោះមុនដោយការប្តូរវេនគ្នា រួចហើយផ្តល់សិទ្ឋអាទិភាពចំពោះព្រះសង្ឃ ជនពិការ មនុស្សចាស់ ស្រ្តីមានផ្ទៃពោះនិងស្រ្តីមានកូនតូចជា ដើម បានចូលបោះមុន។
គេសង្កេតឃើញថា ថ្នាក់ដឹកនាំខេត្ត ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និង ឯកឧត្តម ឈឹម ម៉ា តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានអញ្ជើញទៅបោះឆ្នោតតាមមណ្ឌលការិយាល័យរៀងៗខ្លួនក្នុងសៀមរាបផងដែរ។ យោងតាមលេខាធិការដ្ឋានគណៈកម្មការខេត្តរៀបចំការបោះឆ្នោត បានសំណូមពរដល់អ្នកបោះឆ្នោតទាំងអស់ ពេលទៅបោះឆ្នោតសូមយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារពាក់ព័ន្ឋសម្រាប់បោះឆ្នោត ដើម្បីជូនទៅមន្ត្រីក្នុងការិយាល័យបោះឆ្នោត និង ហាមជាសាធារណៈមិនឱ្យប្រើទូរស័ព្ទនិងថតរូបក្នុងការិយាល័យបោះឆ្នោតឡើយ ជាពិសេសហាមរូបភាពសញ្ញាគណបក្សទាំងអស់ ព្រមទាំងហាមការនាំយកអាវុធជាតិផ្ទុះចូលក្នុងរង្វង់ការិយាល័យបោះឆ្នោតដែលបានកំណត់និងបានផ្សព្វផ្សាយជូនដំណឹងកន្លងមករួចហើយ។
លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានគណកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប (គ.ខ.ប) មុនថ្ងៃបោះឆ្នោតមកដល់ពេលនេះ ពោលគឺកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហាញរបាយការណ៍ថា ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧ សរុបចំនួន៦១៨. ៨៣៥នាក់ និងមាន ១៥២១ការិយាល័យបោះឆ្នោត មានមន្ត្រីបំរើនៅតាមការិយាល័យបោះឆ្នោតសរុបចំនួន ៩១២៦នាក់ក្នុង ១០០ឃុំសង្កាត់ទូទាំងខេត្ត និងមានអ្នកសង្កេតការណ៍ជាតិមកពី ២៥អង្គការ និងសមាគម ព្រមទាំងកម្លាំងចម្រុះរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន ៤០០០នាក់ សម្រាប់ការពារសន្តិសុខសណ្តាប់ធ្នាប់ផងដែរ។ ជាមួយគ្នានោះ គណៈកម្មការខេត្តរៀបចំការបោះឆ្នោត បានផ្តល់បណ្ណ័ដល់អ្នកសង្កេតការណ៍ជាតិ សរុបចុងក្រោយ ចំនួន ៦៦៧៨នាក់ ក្នុងនោះស្រីចំនួន ៥០១៤នាក់។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧នេះ ខេត្តសៀមរាប មានអាសនៈចំនួន៦ សម្រាប់បេក្ខភាពតំណាងរាស្ត្រ។
ប្រធានលេខាធិការដ្ឋាន គ.ខ.ប បានបន្ថែមទៀតថា នៅលើសន្លឹកឆ្នោតអាណត្តិនេះដែរ មានគណបក្សនយោបាយឈរឈ្មោះចំនួន ១៤គណៈបក្ស រួមមាន៖ គណៈបក្សខ្មែរតែមួយ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សកសិករ គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សខ្មែរឈប់ក្រ គណបក្សហ្វុនស៊ីនប៉ិច គណបក្សធម្មាធិបតេយ្យ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន គណបក្សបំណងពលរដ្ឋ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សយុវជនកម្ពុជា និង គណបក្សប្រជាជនកម្ពុជា។ គណបក្សនយោបាយដែលមិនមានវត្តមាននៅក្នុងសន្លឹកឆ្នោតសម្រាប់ខេត្តសៀមរាប គឺគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សអភិវឌ្ឍសេដ្ឋកិច្ច គណបក្សឯកភាពជាតិខ្មែរ និងគណបក្សខ្មែរអភិរក្សជាដើម៕ ដោយ ស៊ាន សុផាត

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top