ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការជាផ្លូវ កាលពីថ្ងៃទី៣១ ខែសីហា

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរា៖ នៅរសៀលថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២៣នេះ ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានប្រកាសបើកពិធីសម្ពោធជាផ្លូវការហើយ នៅបរិវេណអតីតផ្សារ ផាមកុងទីន័រ ទល់មុខសណ្ឋាគារសុខាសៀមរាប ក្នុងក្រុងសៀមរាប ក្រោមវត្តមានរបស់លោកស្រី ម៉ននី រង្សី អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ឆើតគៀត អាត់ថាកន ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប.ឧត្តរមានជ័យ និង លោក នីរ៉ាវ៉ាត់ រ៉ាំងស៊ីកាន់ចាណា អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានទូតនៃព្រះរាជាណាចក្រថៃ និង លោកស្រី ជីវ៉ាណាន់ វង្សមង្គល ប្រធានសមាគមធុរកិច្ចថៃប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្ត និង តំណាងក្រុមហ៊ុន ព្រមទាំងពាណិជ្ជករថៃផងដែរ ។

លោក នីរ៉ាវ៉ាត់ រ៉ាំងស៊ីកាន់ចាណា អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានទូតនៃព្រះរាជាណាចក្រថៃ បានឲ្យដឹងថា ការរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃ នាពេលនេះ គឺរៀបចំដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្ដរជាតិនៃក្រសួងពាណិជ្ជកម្មថៃ ក្នុងគោលបំណងដើម្បីឲ្យប្រជាជនកម្ពុជាបានទស្សនានិងជ្រើសរើសទិញទំនិញ ដែលមានគុណភាពល្អ មានតម្លៃសមរម្យពីប្រទេសថៃ ព្រមទាំងបានផ្ដល់ឱកាសឲ្យពាណិជ្ជករថៃ និង ពាណិជ្ជករកម្ពុជាបានជួបចរចាចាប់ដៃគូជាមួយគ្នាទៀតផង។
លោក បន្តថា ការតាំងពិរណ៍នេះ មានផលិតផលគ្រប់សព្វបែបយ៉ាងទាំងអស់របស់ថៃ ដោយរៀបចំឡើងដើម្បីបង្កើតនូវនិមិត្តសញ្ញាសម្រាប់ផលិតផលថៃ ដែលមានគុណភាព និងជាការបង្កើននូវការលក់ផលិតផលដែលមានភាពចម្រុះគ្នាជាច្រើនរបស់ថៃនៅកម្ពុជា ក្នុងនោះមានពាណិជ្ជករថៃចូលរួមចំនួន ៤៦ក្រុមហ៊ុន ដោយមានស្តង់ពិព័រណ៍ ចំនួន ៥៨ស្តង់ ហើយបាននាំយកទំនិញឧបភោគបរិភោគ ទំនិញម្ហូប អាហារ ភេសជ្ជៈ គ្រឿងសម្អាង និង សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ ដែលជាទំនិញមានគុណភាពល្អ តម្លៃសមរម្យ ផលិតផលពីប្រទេសថៃមកដាក់បង្ហាញ និងលក់ដូរជូនអតិថិជនដោយផ្ទាល់ ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ឆើតគៀត អាត់ថាកន ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ បានសម្ដែងនូវអារម្មណ៍រំភើបរីករាយដែលបានឃើញបរិយាកាសកុះករអ៊ូអរនៅក្នុងកម្មវិធី ដែលមានអាហារថៃ មានគុណភាពជាច្រើនប្រភេទមានម្ហូបអាហារ ភេសជ្ជៈ សម្លៀកបំពាក់ វាយនភណ្ឌ គ្រឿងសម្អាង និងផលិតផលមានគុណភាព របស់របរប្រើប្រាស់នៅក្នុងគេហដ្ឋាន ផលិតផលឃុំមួយផលិតមួយ (OTOP) នឹងមានរហូតដល់ឧបករណ៍សំណង់ និងបរិក្ខារតុបតែងផ្ទះ ដែលអាចនាំយកមកនូវផលិតផលល្អ មានគុណភាពពីប្រទេសថៃ ។ ឯកឧត្តម បន្តថា ការរៀបចំកម្មវិធីនេះឡើង ស្ថានទូតថៃប្រចាំកម្ពុជា ផ្តល់សារសំខាន់ចំពោះការពង្រីកទីផ្សារផលិតផល និងសេវាកម្មនៅក្នុងប្រទេសកម្ពុជា ដើម្បីជាចំណែកមួយ នៅក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងថៃ-កម្ពុជា និងជម្រុញការគាំទ្រឲ្យវិស័យឯកជនថៃ នៅកម្ពុជា មានមធ្យោបាយសម្រាប់លក់ដូរផលិតផលនៅក្នុងទីផ្សារកម្ពុជា ញឹកញាប់បន្ថែមទៀតផងដែរ ។ កត្តាសំខាន់ទៅទៀតនោះ ថែមទាំងបានពង្រឹងនូវនិមិត្តសញ្ញានិងភាពជឿជាក់ល្អប្រសើរចំពោះផលិតផលថៃនិងប្រទេសថៃ ដែលជាប្រទេសជិតខាងដ៏ជិតស្និតនឹងគ្នា និង បានជួយពង្រឹងនូវវិស័យសេដ្ឋកិច្ច និងទេសចរណ៍ក្នុងប្រទេសរបស់កម្ពុជាដូចគ្នាផងដែរ។

ក្នុងឱកាសនោះដែរលោកស្រី ម៉ននី រង្សី មានប្រសាសន៍ថា ក្នុងរយៈពេល៤ថ្ងៃនេះ គឺជាកត្តាមួយដ៏សំខាន់ ក្នុងការជំរុញវិស័យពាណិជ្ជកម្ម នៃប្រទេសទាំងពីរឲ្យមានការរីកចម្រើន នៃសេដ្ឋកិច្ច និងទេសចរណ៍ ដែលជាការជួយសម្រួលដល់ធុរៈកិច្ចរវាងប្រទេសទាំងពីរ ក្នុងការបណ្តាក់ទុនវិនិយោគ ក្នុងវិស័យពាណិជ្ជកម្មទៀតផងដែរ ខណៈដែលប្រទេសយើងទាំងពីរ ជាអ្នកភូមិផងរបងជាមួយគ្នា តែងបានធ្វើកិច្ចសហប្រតិបត្តិការ រវាងពាណិជ្ជករ នៃប្រទេសទាំងពីរ ព្រមទាំងបានធ្វើការចាប់ដៃគូគ្នា ប្រកបទៅដោយការទំនុកចិត្តនឹងគ្នាទៅវិញទៅមក រវាងធុរកិច្ចប្រទេសទាំងពីរផងដែរ ។

លោកស្រី បានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ និងនីតិកាលទី៧ ដែលទើបត្រូវបានបង្កើត ឡើងតាមរយៈនៃការបោះឆ្នោតថ្មីៗ បានធ្វើឱ្យមានការអភិវឌ្ឍន៍ និងបន្តរីកចម្រើនជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ សម្រាប់ខេត្តសៀមរាប ក៏មានការរីកចម្រើនលូតលាស់គួរឲ្យកត់សម្គាល់ផងដែរ លើការងារសន្តិសុខ សណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ប្រព័ន្ធទឹកស្អាត ប្រព័ន្ធធារាសាស្រ្ត ភ្លើងបំភ្លឺផ្លូវសាធារណៈ ប្រព័ន្ធលូ រំដោះទឹកកខ្វក់ ជាពិសេសគឺការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចំនួន ៣៨ខ្សែ និងការកែលំអដងស្ទឹងសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានពីសំណាក់ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា រួមជាមួយនឹងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលបាននឹងកំពុងសាងសង់ ហើយគ្រោងនឹងសម្ពោធដាក់ ឲ្យដំណើរការជាផ្លូវការ ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top