អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សុំឱ្យសារព័ត៌មានផ្សាយឡើងវិញករណីអ្នកសារព័ត៌មាន៣នាក់នោះ

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

ភ្នំពេញ៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ កងរាជអាវុធហត្ថ សូមប្រកាសព័ត៌មានជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធជ្រាបថា៖ កងរាជអាវុធហត្ថ បានឃើញតាមបណ្តាញសារព័ត៌មានមួយចំនួន ធ្វើការផ្សព្វផ្សាយរូបភាពវីដេអូនិងខ្លឹមសារប៉ះពាល់ដល់កិត្តិយសរបស់យោធិននៃកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពអនុញ្ញាតឆ្លើយតបដូចខាងក្រោម៖

១-តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានឱ្យដឹងថា “នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី២១ខែសីហា ឆ្នាំ២០២៣ មានពាក្យបណ្ដឹងពីឈ្មោះ ខុន សុចាន់ ភេទប្រុស អាយុ៣៧ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ត្រូវបានក្រុមអ្នកសារព័ត៌មាន មានគ្នាចំនួន៣នាក់ ជិះរថយន្ត០១គ្រឿង តាមថតឡានដឹកឈឺកែឆ្នៃធ្វើសិប្បកម្មបន្តិចបន្តួចរបស់ខ្លួន (សុចាន់) ហើយបានទារលុយចំនួន២លានរៀល ជាថ្នូរមិនបង្ហោះផ្សាយតាមបណ្ដាញសង្គម បន្ទាប់មកទារចុះសល់២00ដុល្លារ ក្រោយមកខ្លួន(សុចាន់) បានចរចារចុះនៅសល់៣0ម៉ឺនរៀល ខណៈនោះក្រុមអ្នកសារព័ត៌មានបានយល់ព្រមដោយឲ្យដាក់លុយតាមវីង ដែលមានលេខទូរសព្ទ០៧១៥៥២២០៥២។ ក្រោយទទួលបានបណ្ដឹង មន្ត្រីនគរបាលយុត្តិធម៌ បានរាយការណ៍សុំការដឹកនាំ សម្របសម្រួលពី ឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ។ នៅថ្ងៃខែឆ្នាំដដែល កម្លាំងកងរាជអាវុធហត្ថ បានចុះទៅកន្លែងវេរលុយ (វីង) ដែលក្រុមអ្នកសារព័ត៌មានទាំង០៣នាក់ កំពុងដកប្រាក់នៅចំណុចក្បែររង្វង់មូលស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ពេលកម្លាំងក៏បានធ្វើការឃាត់ខ្លួនករណីជាក់ស្តែង។

ជនសង្ស័យចំនួន៣នាក់រួមមាន៖ ១-ឈ្មោះ ផៃ សោភ័ណ្ឌ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរអ្នកសារព័ត៌មានមាន (គេហទំព័រ រស្មីភ្នំដងរែក) ទីលំនៅភូមិទំនប់ថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តរមានជ័យ។ ២-ឈ្មោះ នៅ សារួន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរអ្នកសារព័ត៌មាន (គេហទំព័រ រស្មីភ្នំដងរែក) ទីលំនៅភូមិរំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ៣-ឈ្មោះ ឈិន សុជាតិ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរអ្នកសារព័ត៌មានរស្មីអង្គរ រស់នៅភូមិស្រះជ្រៃ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ចាប់យកវត្ថុតាង៖ ១-រថយន្តម៉ាក នីសាន់ (ចង្កូតស្តាំ) ស្លាកលេខODM1050 ពណ៌ប្រាក់០១គ្រឿង (សូមបញ្ជាក់: ស្លាកលេខនិងក្រដាសបង់ពន្ធផ្លូវដែលបំពាក់លើរថយន្ត គឺក្លែងក្លាយ), ២-ម៉ាស៊ីនថត (កាមេរ៉ា)០១គ្រឿង, ៣-ទូរស័ព្ទ០៤គ្រឿង។ ជនសង្ស័យចំនួន០៣នាក់និងវត្ថុតាង បានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យតាមនីតិវិធី។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ មានសិទ្ធិពេញលេញចំពោះមុខច្បាប់ ក្នុងការតវ៉ារឿងក្តីនេះ។

២-នៅថ្ងៃទី២៥និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ មានគេហទំព័រស្រទាប់យុវវ័យនិងសំឡេងឯករាជ្យ បានចុះផ្សាយដោយចោទប្រកាន់មកលើកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យថា ឈ្មោះ ចាន់ (ដើមបណ្តឹង) ឲ្យប្រាក់ចំនួន៣០ម៉ឺនរៀលទៅឱ្យក្រុមសារព័ត៌មាន០៣នាក់ខាងលើ ជាលក្ខណៈមនោសញ្ចេតនា មិនគួរចាប់វាយខ្នោះ។ សារព័ត៌មានខាងលើបានកាត់តរូបភាពដាក់ជាលក្ខណៈដឹកឈើទ្រង់ទ្រាយធំដែលពុំមែនជាការពិតវាជារូបភាពចាស់ៗកន្លងទៅ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សុំឱ្យសារព័ត៌មានទាំង២ខាងលើ និងសារព័ត៌មានដែលមានការផ្សព្វផ្សាយករណីនេះ ធ្វើការកែតម្រូវតាមច្បាប់ស្តីពីរបបសារព័ត៌មាន។

៣-កងរាជអាវុធហត្ថ នៅតែរងចាំទទួលយកនូវព័ត៌មានដែលពាក់ព័ន្ធនឹងកងរាជអាវុធហត្ថ និងការផ្តល់មតិក្នុងន័យស្ថាបនាដែលជាធាតុចូល។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមមេត្តាជ្រាប៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top