កម្លាំងចម្រុះក្រុងសៀមរាប ចុះរៀបចំការដាក់តាំងលក់សម្ភារៈឧបករណ៍លើចំណីផ្លូវ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងក្រុងសៀមរាប

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

កម្លាំងចម្រុះក្រុងសៀមរាប ចុះរៀបចំការដាក់តាំងលក់សម្ភារៈឧបករណ៍លើចំណីផ្លូវ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងក្រុងសៀមរាប
សៀមរាប៖ កាលពីព្រឹកថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២៣នេះ លោកវរៈសេនីយ៍ទោ ឆឹង សុភា អធិការរងក្រុងសៀមរាប បានដឹកនាំកម្លាំងមន្ត្រីជំនាញសណ្ដាប់ធ្នាប់ខេត្ត និង ក្រុង ចុះរៀបចំការដាក់តាំងលក់សម្ភារៈ និងឧបករណ៍ផ្សេងៗ នៅលើចំណីផ្លូវ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងក្រុងសៀមរាប ។
លោកវរៈសេនីយ៍ទោ ឆឹង សុភា អធិការរងក្រុងសៀមរាប ទទួលផែនសណ្តាប់ធ្នាប់ បានឲ្យដឹងថា បន្ទាប់ពីទទួលបាននូវហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ពីរាជរដ្ឋាភិបាល និង ការរៀបចំចំណតយានយន្ត ផ្លូវថ្មើរជើង ផ្លូវកង់ ផ្លូវជនពិការ សួនច្បារ សញ្ញាចរាចរណ៍ និង ភ្លើងបំភ្លឺសាធារណៈ ។ល។ បានធ្វើឲ្យទិដ្ឋភាពទូទៅរបស់ក្រុងសៀមរាបទាំងមូលកាន់តែមានសោភ័ណភាពស្រស់បំព្រង ប៉ុន្តែបច្ចុប្បន្ននេះ គេសង្កេតឃើញថា នៅតាមបណ្តាផ្លូវ និងទីប្រជុំជននានាមួយចំនួន ក្នុងក្រុងសៀមរាប មានក្រុមហ៊ុនសេវាដឹកជញ្ជូន សហគ្រាស អាជីវកម្មដ្ឋានគ្រប់ប្រភេទ ប្រជាពលរដ្ឋ បានប្រើប្រាស់ទីតាំងដីចំណីផ្លូវសម្រាប់ការចតចំណតយានយន្ត និងលក់ដូរ ក្នុងគោលបំណងដើម្បីបម្រើផលប្រយោជន៍អាជីវកម្មរបស់ខ្លួនឯង ។
លោកបន្តថា អ្នកប្រកបមុខរបរគ្រប់ប្រភេទ មិនអនុញ្ញាតឱ្យ ឬរំលោភយក ទ្រូងផ្លូវ ចិញ្ចើមផ្លូវ ចំណត និងចំណីផ្លូវ ធ្វើជាកម្មសិទ្ធិកន្លែងលក់ដូរ និងផ្ញើរថយន្ត ម៉ូតូ កង់ ម៉ូតូរ៉ឺម៉ក់ និងយានយន្តគ្រប់ប្រភេទឡើយ ដើម្បីបម្រើផលប្រយោជន៍របស់ខ្លួននោះ ដែលធ្វើឱ្យបាត់បង់នូវសណ្តាប់ធ្នាប់សាធារណៈ ដោយគ្មានរបៀបរៀបរយឡើយ ប៉ុន្តែទង្វើអាជីវករមួយចំនួន បានធ្វើឲ្យប៉ះពាល់ដល់សាធារណជនទូទៅដែលជាអ្នកបម្រើសេវាជូនភ្ញៀវជាតិ-អន្តរជាតិ ប្រជាពលរដ្ឋ ឬអ្នកធ្វើដំណើរឆ្លងកាត់ មានពេលខ្លះបានឈានដល់ការប្រើប្រាស់អំពើហិង្សាទៀតផង ដែលបញ្ហានេះបានបង្កគ្រោះថ្នាក់ ឬអាចបង្កទៅជាករណីគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ និង មានការកកស្ទះចរាចរ ដែលបានជះឥទ្ធិពលអវិជ្ជមានដល់សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈ ព្រមទាំងធ្វើឱ្យមានប៉ះពាល់ដល់កិត្តិយស សោភ័ណភាពខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ប្រវត្តិសាស្ត្រ ។
លោកអធិការរងក្រុងសៀមរាប បន្តថា ដោយទទួលបានការណែនាំពីលោកឧត្តមសេនីយ៍ទោ តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប លោកបានដឹកនាំកម្លាំងមន្ត្រីជំនាញសណ្ដាប់ធ្នាប់ខេត្ត និង ក្រុង ចុះរៀបចំការដាក់តាំងលក់សម្ភារៈ និងឧបករណ៍ផ្សេងៗ នៅលើចំណីផ្លូវ ដើម្បីរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជាពិសេសដើម្បីធានាបាននូវសោភ័ណភាពស្រស់ស្អាតរបស់ក្រុង កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមបណ្តាផ្លូវ និងចៀសផុតពីការបង្កអសកម្មភាពអវិជ្ជមានណាមួយ ដែលកើតមានឡើងជាយថាហេតុ ព្រមទាំងបានធ្វើការណែនាំម្ចាស់អាជីវកម្មឲ្យធ្វើកិច្ចសន្យា បញ្ឈប់ការដាក់សម្ភារៈឧបករណ៍ឲ្យហួសដែនកំណត់ ៕
អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top