អាជ្ញាធរស្រុកបន្ទាយស្រី រួមនឹងព្រះសង្ស សិស្សានុសិស្សរួមគ្នាដំាកូនឈើជាង ២ពាន់ដើមនៅក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ អាជ្ញាធរស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសហការជាមួយមន្ត្រីសង្សស្រុក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន សសយក និងកាកបាទក្រហមស្រុក បាននាំគ្នាដាំកូនឈើចម្រុះជាង ២ពាន់ដើម នៅក្នុងបរិវេណសាលាបឋមសិក្សា វិទ្យាល័យ ហ៊ុន សែន រុនតាឯក និងក្នុងមណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុន សែន រុនតាឯក ស្ថិតនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី មានប្រសាសន៍ថា ការដាំកូនឈើនាពេលនេះ មាន៥ប្រភេទ រួមមានដើមក្ងោកតូចធំ ដើមឥន្ទនេល ដើមធ្នុង ដើមឈើទាល និងដើមក្រញ៉ូង។ លោកថា ការដាំនេះក្នុងគោលបំណងបំផុសចលនាដល់យុវជន និងប្រជាពលរដ្ឋទូទៅ ចូលរួមដាំដើមឈើឡើងវិញ និងចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេសដើម្បីបណ្តុះគំនិត ថែរក្សា ការពារ និងគំនិតស្រឡាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស។

លោកអភិបាលស្រុកបន្តថា តំបន់ធម្មជាតិរុនតាឯក គឺជាទីតាំងថ្មីសម្រាប់បងប្អូនប្រជាពលរដ្ឋយើងតាំងទីលំនៅ ដោយសារតំបន់នេះមិនទាន់មានព្រៃឈើគ្រប់គ្រាន់ ទើបកាលពីពេលថ្មីៗនេះ លំនៅដ្ឋានជាច្រើនបានរងការខូចខាត និងរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់។ ដូចនេះការដាំស្ដាព្រៃឈើឡើងវិញនាពេលនេះ គឺពិតជាមានសារប្រយោជន៍ណាស់ ក្នុងការជួយទប់ទល់ និងកាត់បន្ថយនូវគ្រោះធម្មជាតិផ្សេងៗ ដែលអាជកើតមានឡើងជាយថាហេតុ។ ជាមួយគ្នានេះលោកក៏សូមអំពាវនាដល់បងប្អូនប្រជាពលរដ្ឋ ប្អូនសិស្សានុសិស្សទាំងអស់ មិនត្រឹមតែការដាំកូនឈើទេ តែសូមចូលរួមគ្នាថែរក្សាឲ្យបានល្អនូវដើមឈើទាំងអស់នេះ ព្រោះវាមានសារសំខាន់ណាស់សម្រាប់មនុស្សសត្វគ្រប់ៗគ្នា។

លោកបន្តទៀតថា ចំពោះការដាំកូនឈើនាពេលនេះដែរ គឺជានិមិត្តរូបមួយ ដើម្បីឲ្យមនុស្សជំនាន់ក្រោយចូលរួមដាំដើមឈើឡើងវិញ តាមរយៈមនុស្សម្នាក់ ដើមឈើមួយដើម ដូចនេះបើមនុស្សម្នាក់ដាំដើមឈើមួយដើម ហើយយើងថែទាំវាឲ្យបានល្អ នៅពេលអនាគតព្រៃឈើរបស់យើងនឹងមានចំនួនច្រើនឡើងវិញ ហើយផ្ដល់នូវភាពបៃតង ទាក់ទាញទឹកភ្លៀង និងទប់ទល់ជាមួយបញ្ហាខ្យល់កន្ត្រាក់ គ្រោះធម្មជាតិមួយចំនួនទៀតផងដែរ។

ក្នុងឱកាសនោះដែរ ព្រះគ្រូ សិរីឬទ្ធិ នៅ មុនី អនុគណស្រុកបន្ទាយស្រី មានសង្ឃដិកាថា ការដាំកូនឈើនាពេលនេះ គឺជាការបំផុសនូវចលនា ស្មារតីប្រជាពលរដ្ឋយើង ឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមក្នុងការដាំដុះ និងការពារព្រៃឈើ ក៏ដូចជាការជួយផ្ដល់ផលប្រយោជន៍ឲ្យប្រជាពលរដ្ឋក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីបង្កបង្កើនផលកសិកម្ម បង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយ បរិស្ថានសង្គមផងដែរ។ ម៉្យាងទៀតការដាំនេះដែរ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញនូវការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់យើងទាំងអស់គ្នា ក្នុងការស្តារគម្របព្រៃឈើឡើងវិញ ឲ្យមានពណ៌បៃតង ដើម្បីរក្សាបាននូវការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈម និងជាកង្វល់រួមដ៏ធំមួយរបស់ពិភពលោក ដោយសារតែបណ្ដាប្រទេសជឿនលឿនជាច្រើន បានបញ្ចេញឧស្ម័នពុល ឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងនោះកម្ពុជា និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត បាន និងកំពុងរងគ្រោះយ៉ាងខ្លាំង និងបានធ្វើឲ្យកំដៅនៅលើផែនដីកើនឡើង៕
អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top