អាជ្ញាធរជាតិអប្សរា បានចេញ សេចក្ដីជូនដំណឹង ស្ដីពី ការថតរូបភាព ឬវីដេអូ នៅតាមប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាប

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹងចំពោះការថតរូបភាព ឬវីដេអូ នៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជូនដំណឹងដល់ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណ ជនទាំងអស់ មេត្តាជ្រាបថា៖ ជាគោលការណ៍ អាជ្ញាធរជាតិអប្សរា មិនមានការហាមឃាត់ទេ ចំពោះការថតរូបភាព ឬវីដេអូ សម្រាប់ចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន ឬលក្ខណៈទេសចរណ៍ ដើម្បីផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ ឱ្យពិភពលោកបានស្គាល់ពីភាពទាក់ទាញ និងសម្បត្តិវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជា។ ជាក់ស្ដែង ការថតរូបភាព និងវីដេអូ តាមទម្រង់ទាំងនេះ ត្រូវបានភ្ញៀវទេសចរជាតិ-អន្តរជាតិ បង្ហោះផ្សព្វផ្សាយនៅតាមបណ្តាញសង្គមនានា ដូចជាហ្វេសប៊ុក TikTok និងបណ្តាញសង្គមជាច្រើនផ្សេងទៀតរួចមកហើយ។

ដោយឡែកក្នុងគោលបំណងបញ្ចៀសនូវកំហុសឆ្គងដោយអចេតនាកើតចេញពីការផ្សព្វផ្សាយ និងអាចធ្វើឲ្យប៉ះពាល់គុណតម្លៃនៃប្រាសាទបុរាណ មរតកមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ និងជាសម្បត្តិបេតិក ភណ្ឌពិភពលោក ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ តម្រូវឱ្យដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរា ចំពោះគោលបំណងមួយចំនួន ដូចមានបញ្ជាក់ជូនខាងក្រោម ដើម្បីអនុញ្ញាតឱ្យមន្ដ្រីជំនាញ មានលទ្ធភាពពិនិត្យជាមុនសិននូវទិដ្ឋភាពបច្ចេកទេសមួយចំនួន ដូចជាខ្លឹមសារផ្សព្វផ្សាយ និងសម្ភារប្រើប្រាស់ជាដើម ៖

ការថតរូបភាព ថតភាពយន្ត ឬវីដេអូ ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬបង្កើត អាជីវកម្មនានា។

ការប្រកបអាជីវកម្មថតសម្លៀកបំពាក់ប្រពៃណីបុរាណ (ថតរូបមុនអាពាហ៍ពិពាហ៍) ដើម្បីពិនិត្យ ភាពសមស្របនៃសម្លៀកបំពាក់ប្រពៃណីបុរាណ។ ការថតបែបនេះ មិនមានការបង់ប្រាក់នោះទេ។ ការថតវីដេអូផ្សាយបន្តផ្ទាល់ដោយក្រុមហ៊ុនទេសចរណ៍ ឬមគ្គុទ្ទេសក៍ទេសចរណ៍ ដែលមានអាជ្ញា បណ្ណត្រឹមត្រូវពីក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយប្រាសាទនានាតាមប្រព័ន្ធអនឡាញជូនទៅអតិថិជនរបស់ខ្លួន។ រាល់ការផ្សព្វផ្សាយបែបនេះ មិនមានការបង់ប្រាក់នោះទេ។

រាល់ការស្នើសុំថតរូប ឬវីដេអូផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬបង្កើតអាជីវកម្មនានា សូមភ្ញៀវ ទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ មេត្តាទំនាក់ទំនងមកមជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិអប្សរា រៀងរាល់ម៉ោងបំពេញការងារ ហើយអាជ្ញាធរជាតិអប្សរា នឹងឆ្លើយតបទៅម្ចាស់សំណើវិញ ក្នុងរយៈពេលប្រាំ (៥)ថ្ងៃ នៃថ្ងៃធ្វើការងារយ៉ាងយូរ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top