ជប៉ុនប្រគល់អគារដែលតម្លៃជិត ២០លានដុល្លាដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖  អគារមួយខ្នងកម្ពស់៤ជាន់ ដែលមានតម្លៃសាងសង់ជិត ២០លានដុល្លា ត្រូវបានរាជរដ្ឋាភិបាលជប៉ុន ធ្វើការប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បន្ទាប់ពីអគារដ៏ធំនេះបានសាងសង់ និងបំពាក់បរិក្ខាបានរួចរាល់។
ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់លោកពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងលោក សាតូ រីយូតា លេខាទី2 នៃការិយាល័យកុងស៊ុលជប៉ុន ។

លោក សាតូ រីយូតា បានថ្លែងថា បច្ចុប្បន្នវិស័យសុខាភិបាលនៅកម្ពុជា មានភាពប្រសើរឡើងជាបណ្តើរៗ ប៉ុន្តែនៅតាមតំបន់ជនបទ ក៏ដូចជាខេត្តសៀមរាប នៅតែមានបញ្ហាច្រើនទាក់ទងទៅនឹងអគារ បរិក្ខាពេទ្យ និងធនធានមនុស្សនេះបើធៀបទៅនឹងរាជធានីភ្នំពេញ។ លោកបន្តថា ចំពោះអគារថ្មីនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបមួយនេះ ត្រូវបានដាក់បញ្ចូលរួមគ្នានូវមុខងារវេជ្ជសាស្ត្រ ដែលកាលពីមុនត្រូវបានដាក់ពង្រាយនៅតាមអគារផ្សេងពីគ្នា។ ជាមួយគ្នានេះបន្ទប់ព្យាបាលត្រូវបានរៀបចំដោយបានពិចារណាលើផ្នែកវេជ្ជសាស្ត្រ ដែលអាចផ្តល់ឲ្យអ្នកជំងឺនូវការថែទាំសុខភាពប្រកបដោយប្រសិទ្ធភាព។
ចំណែកអភិបាលរងខេត្តសៀមរាប លោក ពិន ប្រាកដ ក៏បានលើកឡើងថា អគារមន្ទីរពេទ្យថ្មីមួយនេះ នឹងធ្វើឲ្យប្រសើរឡើងនូវសេវាសុខាភិបាល ហើយក៏ជាសកម្មភាពចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័ ការធ្វើទំនើបកម្មសុខាភិបាល ដើម្បីលើកកម្ពស់គុណភាព នៃការផ្តល់សេវា ជូនប្រជាជនមួយកម្រិតទៀត។ លោកថា សមិទ្ធផលថ្មីនេះ ក៏ជាចំណងមិត្តភាពសាមគ្គីភាពរវាងកម្ពុជា និងជប៉ុនផងដែរ។

យោងតាមរបាយការណ៍របស់វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បានលើកឡើងថា អគារថ្មីនេះត្រូវបានផ្តល់ឈ្មោះថា មណ្ឌលផ្តល់សេវាផ្នែកវះកាត់ ។ អគារមន្ទីរពេទ្យនេះ សាងសង់ឡើងក្រោមគម្រោងធ្វើឲ្យប្រសើរឡើងរបស់មន្ទីរពេទ្យបង្អែក ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិ JICA ដែលបានចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ហើយនឹងបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២៣នេះ ជាមួយនឹងការ រៀបចំបំពាក់ឧបករណ៍វេជ្ជសាស្រ្តកម្រិតស្តង់ដារមន្ទីរពេទ្យ។
គម្រោងសំណង់អគារ រួមមាន អគារមួយដែលទំហំ ២៥ គុណនឹង ៦៨ ម៉ែត្រ បួនជាន់ កំពស់ ២៧.០៥ ម៉ែត្រ ដែលសាងសង់ លើផ្ទៃដីចំនួន3,811 ម៉ែត្រការេ ហើយសំណង់នេះ ត្រូវបានរៀបចំប្រព័ន្ធគ្រប់គ្រង និងព្យាបាលតាមលក្ខណៈស្តង់ដារ មន្ទីរពេទ្យ ។ ក្រៅពីការរៀបចំរចនាសម្ព័ន្ធខាងក្នុង អគារនេះក៏មានបណ្តាញទំនាក់ទំនង និងមានជណ្តើរថ្មើរជើងចំនួនពីរ និងបំពាក់ជណ្តើរយន្តចំនួនពីរផងដែរ។ សមិទ្ធផលនៃគម្រោងមួយនេះនឹងចូលរួមក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការធ្វើទំនើបកម្មសេវាសុខាភិបាល ពិសេសសេវាផ្នែកវះកាត់ និងប្រពោធនកម្មសង្រ្គោះបន្ទាន់ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកំពស់គុណភាពនៃការផ្តល់សេវាសម្រាប់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ឲ្យដឹងថា នាពេលអនាគត អគារនេះនឹងប្រើប្រាស់ សម្រាប់ការធ្វើរោគវិនិច្ឆ័យដំបូង ការផ្តល់សេវាសង្គ្រោះបន្ទាន់ សេវាប្រពោធនកម្មវះកាត់សម្រាប់អ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ ដូចជាការវះកាត់ធំៗគ្រប់ឯកទេសទាំងអស់ និងជាកន្លែងសម្រាកព្យាបាលជំងឺទាំងអស់ដែលពាក់ព័ន្ធនឹងការវះកាត់ ព្រមទាំងការរួមបញ្ចូលសេវាគាំទ្រមួយចំនួនទៀតដូចជា សេវារូបភាពវេជ្ជសាស្រ្ត កន្លែងបោកគក់ មណ្ឌលរំងាប់មេរោគលើឧបករណ៍ និងឧបករណ៍ បរិក្ខាពេទ្យ ដែលប្រើប្រាស់ក្រោយពេលវះកាត់ និងផ្នែកពាក់ព័ន្ធផ្សេងទៀត។
ការទទួលបានហេដ្ឋារចនាសម្ព័ន្ធថ្មី និងឧបករណ៍វេជ្ជសាស្រ្តទំនើបនេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបក៏ត្រូវធ្វើការដោះស្រាយបញ្ហាកង្វះធនធានមនុស្ស ដែលមានជំនាញសម្រាប់ធានាឱ្យមានការផ្តល់សេវាឱ្យបានរលូន កាន់តែមានគុណភាពនិងប្រសិទ្ធិភាព ធានាធ្វើយ៉ាងណាឱ្យកិច្ចការគ្រប់គ្រងទូទៅឱ្យមានភាពកាន់តែប្រសើរឡើង រួមបញ្ចូលទាំងកិច្ចការថែទាំជួសជុលរាល់ឧបករណ៍ដែលបានបំពាក់ និងហេដ្ឋារចនាសម្ព័ន្ធទាំងមូលផងដែរ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top