ប្រជាពលរដ្ឋបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយក្រោយបានទស្សនាការសម្តែងសិល្បៈ រាត្រីចងចាំ ក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ ដើម្បីចូលរួមអបអរសាទរខួប៣១ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូនោះ នារាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយអាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹត្តការណ៍ទស្សនីយភាពសិល្បៈ រាត្រីចងចាំ សម្តែងជូនសាធារណៈបានទស្សនា នៅក្នុងបរិវេណព្រលានជល់ដំរី ក្រុងអង្គរធំ។ ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាភរិយាថ្នាក់ដឹកនាំ ,រដ្ឋលេខាធិការ គណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកអាជ្ញាធរជាតិអប្សរា និងភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋជាច្រើនកុះករ បានអញ្ជើញចូលរួមទស្សនាកម្សាន្ត ការសម្តែងសិល្បះ នារាត្រីរំលឹកគុណអង្គរ ។

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្តរួចមក លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា ព្រឹត្តិការណ៍រំលឹកគុណអង្គរធ្វើឡើងក្នុងគោលបំណងពីរសំខាន់ៗ ពោលគឺដើម្បីអបអរសាទរខួប៣១ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរទៅក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ក៏ដូចជារំលឹកនឹកគុណដល់បុព្វការីជន ព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា បន្សល់ទុកនូវសម្បត្តិ បេតិកភណ្ឌសិល្បៈ និងវប្បធម៌ជាច្រើន បម្រើនូវគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចជូនអ្នកជំនាន់នេះ និងទៅអនាគត។ លោកជំទាវបណ្ឌិតសភាចារ្យ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ ក្រុមការងារ ជាពិសេសសិល្បករ សិល្បការិនី ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដែលបានសហការគ្នា ហ្វឹកហាត់ សម្តែងរួមគ្នាដោយប្រើប្រាស់ពេលវេលាខ្លី តែសម្តែងបានល្អគួរឲ្យកត់សម្គាល់។ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដោយមានការចូលរួមសម្តែងពីសិល្បករ សិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធជាង៣០០នាក់ បានចូលរួមសម្តែងផងដែរ។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថា វប្បធម៌ជាអត្តសញ្ញារបស់ជាតិ ដែលជាសម្បត្តិមរតកដ៏មានតម្លៃមហាសាលរបស់ដូនតាខ្មែរយើង ដែលបានបន្សល់ទុកសម្រាប់កូនចៅគ្រប់ជំនាន់ ដើម្បីតបស្នងសងគុណដល់បុព្វបុរស ក៏ដូចជាអតីតព្រះមហាក្សត្រខ្មែរ ដែលបានកសាងប្រាសាទ និងថែរក្សាទុកឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់។ សម្តេច បានបន្តទៀតថា ( រាត្រីចងចាំ ) ដែលបានសម្តែងជូនទស្សនានៅរាត្រីនេះ ដើម្បីចូលរួមអបអរសាទរខួប ៣១ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូ និងដើម្បីអបអរសាទរពិធីបុណ្យរម្លឹកគុណអង្គរផងដែរ។

ព្រឹត្តិការណ៍រាត្រីចងចាំនេះ ជាព្រឹត្តិការណ៍មួយ ហាក់ដូចបានរម្លឹកកូនខ្មែរគ្រប់ជំនាន់ ត្រូវចងចាំ និងមានកាតព្វកិច្ចត្រូវគោរពដឹងគុណនូវស្នាដៃរបស់ដូនតា ព្រោះថាការដឹងគុណ ជាគុណធម៌របស់មនុស្ស ហើយការដឹងគុណដល់បុព្វបុរសជាតិដែលបានធ្វើពលិកម្មសម្រាប់យើងទាំងអស់គ្នា គឺជាតម្លៃដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់មនុស្សគ្រប់ៗគ្នាទាំងកម្ពុជា និងទូទាំងសកលលោក។ ជាពិសេសសុខសន្តិភាព ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងវប្បធម៌ ក៏ដូចជាការនាំមកនូវវឌ្ឍនភាពសម្រាប់ជាតិ។ ការដែលយើងរំលឹកគុណអង្គរនេះ មិនត្រឹមតែរំលឹកគុណបុព្វការីជន ដែលបានខិតខំបូជាឈាមស្រស់ សាច់ស្រស់ កម្លាំងកាយចិត្តក្នុងការកសាង ថែរក្សា ជួសជុលប្រាសាទ ការពារទឹកដី តាំងពីដើមរៀងមករហូតមកដល់បច្ចុប្បន្ននេះ។ ដូច្នេះយើងទាំងអស់គ្នា ប្តេជ្ញាចិត្តថែរក្សាសុខសន្តិភាពឲ្យបានគងវង្ស គឺជាការរំលឹកគុណដល់បុព្វការីជន និង សន្តិភាព៕ ដោយ ស៊ាន សុផាត

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top