សិស្សមានជីវភាពក្រីក្រ ៧០នាក់ក្នុងស្រុកអង្គរធំទទួលបានកង់និងសម្ភារៈសិក្សា

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ សិស្សមានជីវភាពក្រីក្រ ៧០នាក់ក្នុងស្រុកអង្គរធំទទួលបានកង់និងសម្ភារៈសិក្សាពីសមាគមសង្រ្កោះជីវិតប្រទេសសឹង្ហបូរី
ដោយមើលឃើញពីការលំបាករបស់សិស្សានុសិស្សក្រីក្រនៅតាមជនបទដែលកំពុងតែមានការខ្វះខាតនូវមធ្យោបាយធ្វើដំណើរទៅកាន់សាលារៀននោះ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៣ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចកក្រុងសៀមរាបខេត្តសៀមរាប បានដឹកនាំសប្បុរសជននៃសមាគមសង្រ្គោះជីវិត មកពីប្រទេសសឹង្ហបូរី បាននាំយកនូវកង់ និង សម្ភារៈសិក្សារួមជាមួយថវិកាមួយចំនួន ដើម្បីផ្តល់ជូនដល់ក្មួយៗសិស្សានុសិស្ស មានជីវភាពក្រីក្រចំនួន៧០នាក់ បានកំពុងសិក្សានៅតាមសាលាបឋមសិក្សានិងអនុវិទ្យាល័យនានាក្នុងស្រុកអង្គរធំ ខេត្តសៀមរាប។

លោក ហ្កូ តុងហុង ( Goh Tung Hong ) ប្រធានសមាគមសង្រ្គោះជីវិត នៃប្រទេសសឹង្ហបូរី  បានមានប្រសាសន៍ថា សមាគមសង្រ្គោះជីវិត គឺជាសមាគមដែលជួយសង្រ្គោះអ្នកដែលមានជីវភាពខ្វះខាតទីទ័លក្រដែលកំពុងជួបបញ្ហាប្រឈមនានា ដោយមិនប្រកាន់ពូជសាសន៍ និន្នាការបក្សនយោបាយណាឡើយ គឺបម្រើតែចលនាមនុស្សធម៌នៅលើពិភពលោកតែប៉ុណ្ណោះ។ លោក បានបន្តទៀតថា ក្នុងនាមលោកជាប្រធានសមាគមសង្រ្គោះជីវិត នៃប្រទេសសឹង្ហបូរី លោកនិងកៀគរសប្បុរសជនដើម្បីបន្តជួយដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សកម្ពុជា ដែលមានជីវភាពខ្វះខាតនៅតាមមូលដ្ឋានផ្សេងៗទៀតផងដែរ។

ជាមួយគ្នានោះ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានសង្ឃដីកាថា កិច្ចការសាសនា មានការរីកចម្រើនទៅបាន គឺត្រូវបានពឹងផ្អែកលើសុខសន្តិភាព ហើយការលើកកម្ពស់ដល់វិស័យព្រះពុទ្ធសាសនា គឺត្រូវតែមានការចូលរួមពីសំណាក់ប្រជាពុទ្ធបរិស័ទ្ធ ដែលជាពុទ្ធសាសនិកជនប្រកបដោយការអប់រំផ្លូវកាយ ផ្លូវចិត្តឲ្យឆ្ពោះទៅភាពស្ងប់ស្ងាត់ និងអាធ្យាស្រ័យដល់អ្នកដ៍ទៃ។ ដោយកត្តាសន្តិភាពនេះហើយ ដែលធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពុទ្ធបរិស័ទមានការរីកចម្រើន ព្រមទាំងបានបរិច្ចាគនូវទ្រព្យធនផ្ទាល់ខ្លួនក្នុងការចូលរួមកសាងទីវត្តអារាម មន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ ស្រះទឹក អណ្តូងទឹកនានាផងដែរ។ ហើយចំពោះ សម្ភារៈសិក្សានិងថវិកាដែលព្រះអង្គរបានចូលរួមជាមួយសមាគមសង្រ្គោះជីវិតនៃប្រទេសសឹង្ហបូរី ដើម្បីចែកជូនដល់សិស្សានុសិស្សនាពេលនេះ គឺបានមកពីសទ្ធាជ្រះថ្លា របស់ប្រជាពុទ្ធបរិស័ទទីជិតឆ្ងាយ និងសប្បុរសជនក្នុងនិងក្រៅប្រទេស ហើយ ចំពោះការផ្តល់អំណោយ កង់ និងសំភារៈសិក្សាដល់សិស្សានុសិស្សនាពេលនេះគឺបង្ហាញពីការចូលរួមនិងគិតគូរ ព្រមទាំងការចែករំលែកពីគ្នាទៅវិញទៅមកនៅក្នុងសង្គមផងដែរ ។

អភិបាលរងស្រុកអង្គរធំ លោកស្រី ឈន សុគន្ធា បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរស្រុកអង្គរធំ សូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក រួមជាមួយនិងសប្បុរសជននៃសមាគមសង្រ្គោះជីវិត នៃប្រទេសសឹង្ហបូរីទាំងអស់ ដែលបានផ្តល់អំណោយយកមកចែកជូនដល់ប្អូនៗសិស្សានុសិស្សដែលមានជីវភាពក្រីក្រចំនួន៧០នាក់ ដែលកំពុងសិក្សានៅតាមសាលាបឋមសិក្សានិងអនុវិទ្យាល័យនានាក្នុងស្រុកអង្គរធំនាពេលនេះគឺដើម្បីឲ្យប្អូនៗដែលមានផ្ទះនៅឆ្ងាយពីសាលារៀនហើយអាចជិះធ្វើដំណើរមកសាលារៀនបានទាន់ពេលវេលា។ អំណោយដែលផ្តល់ជូនសិស្សក្រីក្រ ទាំង៧០នាក់ គឺក្នុងម្នាក់ៗ ទទួលបានកង់ចំនួន១ .សៀវភៅ២ក្បាល.ប៊ិច២ដើម និងថវិកាចំនួន៥ពាន់រៀល ៕ ដោយ ស៊ាន សុផាត
                                                                                                       

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top