សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តសៀមរាប បានបើកកិច្ចប្រជុំលើកទី៥ អាណត្តិទី៣ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ នៅសាលាខេត្តសៀមរាប ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤នេះ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តសៀមរាប (ហៅកាត់ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប) បានបើកកិច្ចប្រជុំលើកទី៥ អាណត្តិទី៣ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។ កិច្ចប្រជុំនេះរៀបចំឡើង ក្នុងមានគោលបំណងដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការអនុវត្តសកម្មភាពរបស់សមាគមសម្រាប់ឆ្នាំ២០២៣ ពិនិត្យលើការអនុវត្តចំណូល និងចំណាយប្រចាំឆ្នាំ ឆ្លុះបញ្ចាំងជាមួយផែនការសកម្មភាពថវិកាឆ្នាំ២០២៣-២០២៤។ ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានជំរុញនិងលើកទឹកចិត្តដល់សមាជិកក្រុមប្រឹក្សាសមាគម និងអ្នកពាក់ព័ន្ធដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនេះ សូមយកចិត្តទុកដាក់ចូលរួម ពិនិត្យពិភាក្សាផ្តល់យោបល់ ដើម្បីឱ្យសមាគម បំពេញតួនាទីឱ្យកាន់តែសកម្ម ប្រកបដោយឯករាជ្យភាព ស័ក្តិសមជាអង្គការដៃគូ ក្នុងការតស៊ូមតិ ពិភាក្សា និងផ្តល់យោបល់ដល់ស្ថាប័នពាក់ព័ន្ធ ក្នុងការការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់។
ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប មានប្រសាសន៍ថា៖កិច្ចប្រជុំប្រចាំឆ្នាំនេះ ជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការអនុវត្ត យ៉ាងត្រឹមត្រូវនូវលក្ខន្តិកៈរបស់សមាគម ដែលជា “នីតិបុគ្គល” តំណាងឱ្យសម្លេង និង ជាអ្នកការពារផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ទាំងអស់ ក្នុងខេត្តសៀមរាប ព្រមទាំងជាអ្នក អភិវឌ្ឍសមត្ថភាព និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដែលនឹងរួម ចំណែកលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានរម្លឹកផងដែរថា៖នៅពេលយើងមានក្រុមប្រឹក្សាឃុំ សង្កាត់នៅឆ្នាំ២០០២ ដែលកើតឡើងពីការបោះឆ្នោតដោយផ្ទាល់របស់ប្រជាពលរដ្ឋ បញ្ហាសមត្ថភាព ស្វ័យភាព និង គណនេយ្យភាពរបស់ក្រុមប្រឹក្សា គឺជាអាទិភាពចម្បងមួយដែលក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេស គ.ជ.អ.ប បានយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឱ្យក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ បំពេញតួនាទី ភារកិច្ចប្រកបដោយសមត្ថភាព មានស្វ័យភាព និងមានគណនេយ្យភាពខ្ពស់ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្នុងទស្សនវិស័យនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ បានសម្របសម្រួល និងគាំទ្រទាំងស្រុងចំពោះគំនិតផ្តួចផ្តើមបង្កើតឱ្យមាន “សមាគម ក្រុមប្រឹក្សា ឃុំ សង្កាត់នៅតាមរាជធានី ខេត្ត” និង “សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាឃុំ សង្កាត់” នៅឆ្នាំ២០០៦ ដែលជាតំណាងឱ្យសម្លេងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់នៅទូទាំងប្រទេស។ ឯកឧត្តម អ៊ាន ឃុន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការសាមគ្គីគ្នារបស់ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប តាំងពីឆ្នាំទី១រហូតដល់ ឆ្នាំទី៥ នៃអាណត្តិទី៣ ដែលជាឆ្នាំចុងក្រោយនៃអណត្តិរបស់ខ្លួន និងនាំមកនូវសមិទ្ធផលចំបងៗជូនដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ស្របគោលបំណង និងទិសដៅរបស់សមាគម ក្នុងការលើកកម្ពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់។ អង្គប្រជុំបានដំណើរការដោយបានលើកមកបង្ហាញអំពីរបាយការណ៍វឌ្ឍនភាពរបស់សមាគម ក្នុងឆ្នាំ២០២៣ បទបង្ហាញស្តីពីការអនុវត្ត ចំណូល ចំណាយឆ្នាំ២០២៣ បទបង្ហាញស្តីពី ផែនការសកម្មភាពថវិកាឆ្នាំ២០២៤ បទបង្ហាញ អំពីចំណូលចំណាយ កម្មវិធីមរណៈសង្គ្រោះឆ្នាំ២០២៣ និងទិសដៅវិធានការគ្រប់គ្រងឆ្នាំ២០២៤ រួមទាំងសមិទ្ធផលការងារឆ្នាំ២០២៣ ពិនិត្យនិងអនុម័តផែនការសកម្មភាពនិងថវិកាឆ្នាំ២០២៤៕ ដោយ ស៊ាន សុផាត

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top