រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមដាក់ឱ្យដំណើរការសាកល្បងរថយន្តក្រុងដំបូង ពីក្រុងរុនតាឯកតេជោសែន ទៅកាន់ក្រុងសៀមរាប

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប បានដាក់ឱ្យដំណើរការសាកល្បងរថយន្តក្រុងដំបូង ពីក្រុងរុនតាឯកតេជោសែន ទៅកាន់ក្រុងសៀមរាប ដោយឥតគិតថ្លៃ។ ចំពោះចំណតឡានក្រុងសាកល្បងនៅក្រុងសៀមរាប ស្ថិតនៅសួនច្បារហាត់ប្រាណមាត់ស្ទឹងសៀមរាប ដោយមានម៉ោងចេញដំណើរ ចំនួន៩ជើង ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច។ ចំណែកចំណតឡាននៅក្រុងរុនតាឯកវិញ ស្ថិតនៅផ្សារតំបន់អភិវឌ្ឍន៍រុនតាឯក នឹងចេញដំណើរ១០ជើងក្នុងមួយថ្ងៃ ចាប់ពីម៉ោង៥កន្លះព្រឹក ដល់ម៉ោង៦នាទីល្ងាច។ ដោយឡែកម៉ោង ៩ព្រឹក, ម៉ោង ១១ព្រឹក និងចាប់ពីម៉ោង១រសៀល ដល់ម៉ោង៣រសៀល មិនមានម៉ោង (រថយន្តមិនចេញដំណើរ) សម្រាប់ពលរដ្ឋធ្វើដំណើរទៅមក ក្រុងរុនតាឯកតេជោសែន ទៅក្រុងសៀមរាបឡើយ។

លោក អ៊ឹង សោភ័ណ នាយករងរដ្ឋបាល នៃសាលាខេត្តខេត្តសៀមរាប បានឲ្យដឹងថា ការដាក់ដំណើរការសេវារថយន្តក្រុងដឹកអ្នកដំណើរទៅមករវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែននេះ គឺបន្ទាប់ពីមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែន និងបន្តដោយរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចធិបតីបានសម្រេចផ្តល់រថយន្តក្រុងចំនួន១០គ្រឿង ក្នុងការសម្រួលដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីក្រុងទាំងពីរនេះ ដោយឥតគិតថ្លៃ ដើម្បីជាការសម្រួលនូវទុកលំបាករបស់ពួកគាត់ដែលត្រូវធ្វើដំណើរទៅមកប្រកបរបរកិច្ចការងារប្រចាំថ្ងៃ។ លោកបន្តថា ការផ្តល់ជូននេះ មិនត្រឹមជាការផ្តល់ជូនប្រជាពលរដ្ឋនៅក្រុងរុនតាឯកប៉ុណ្ណោះទេ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរតាមខ្សែរត់ ដែលរដ្ឋបាលខេត្តបានកំណត់ក៏ទទួលបានការធ្វើដំណើរដោយឥតគិតថ្លៃផងដែរ ដោយរដ្ឋបាលបានរៀបចំចំណតចំនួន១១ផ្សេងទៀតនៅតាមផ្លូវនៃខ្សែរត់ ប៉ុន្តែនៅថ្ងៃចាប់ផ្តើមនេះ យើងសង្កេតឃើញថា ប្រជាពលរដ្ឋហាក់មិនទាន់មកទទួលសេវាកម្មនេះនៅឡើយ តែទោះយ៉ាងនេះក្តី នៅឯក្រុងរុនតាឯក មានប្រជាពលរដ្ឋច្រើនបានមកសាកសួរអំពីព័ត៌មាននានា ដើម្បីពួកគាត់បានរៀបចំខ្លួនក្នុងការទទួលយកសេវាកម្មនេះ។

លោក នាង សុភី រស់នៅភូមិពោធិបុស្ស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងអំពីការផ្តល់ជូនរថយន្តជិះទៅកាន់ក្រុងរុនតាឯកតេជោសែនរបស់រដ្ឋបាលខេត្តសៀមរាបនេះ រូបលោកមានអារម្មណ៍ចង់សាកល្បងជាមួយការធ្វើដំណើរនេះដើម្បីទៅមើលការអភិវឌ្ឍនៅរុនតាឯក ហើយលោកក៏បានសំណូមពរដល់ពលរដ្ឋដទៃទៀត គួរងាកមកប្រើសេវារថយន្តក្រុងដឹកអ្នកដំណើររបស់រដ្ឋបាលខេត្តសៀមរាបនេះ ព្រោះវាផ្តល់នូវផលចំណេញច្រើន៕ ដោយ ស៊ាន សុផាត

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top